អគារ​ពាណិជ្ជកម្ម​គឺជា​ទិសដៅ​សំខាន់​សម្រាប់ ​ការ​វិនិយោគ

ភ្នំពេញៈ ការ​អភិវឌ្ឍ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា ​នៅ​តែ​ជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ផែន​ការ​វិនិយោគ ​ដើម្បី​ធ្វើ​អាជីវកម្ម​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​។
លោក​ ច្រឹក សុខនីម ​អនុ​ប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​វីត្រាស់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ វិនិយោគ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម គឺ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ប្រទេស​កម្ពុជា​។
លោក​បញ្ជាក់​ថា​៖​«ឆ្នាំ​នេះ​តម្រូវ​ការ​ នៃ​អ្នក​ត្រូវ​ការ​ទីតាំង​ ដើម្បី ​បើក​អាជីវកម្ម​ថ្មីៗ​បាន​កើន​​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​កាន់​តែ​ល្អ​ឡើង​ៗ​»។
លោក​អនុ​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​បាន​ បន្ត​ថា ក្រុមហ៊ុន​វីត្រាស់​បាន​ជួល​អគារ​ Park Way ទាំង​មូល​គ្រប់គ្រង​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​រយៈពេល​ ១០​ឆ្នាំ ​រួច​នឹង​ដាក់​ជួល​បន្ត​ទៅ​ឲ្យ​អតិថិជន​វិញ​។ លោក​ថា ​អគារ​នេះ​មាន​ទំហំ​ជិត​២​ម៉ឺន ម៉ែត្រ​ការ៉េ​ជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជួល​កម្រិត​ (B) ដែល​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​១៦​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​។

លោក​បាន​បន្ថែម​ថា ​ទីផ្សារ​វិនិយោគ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​មាន​តម្រូវ​ការ​ ច្រើន ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ជា​ពិសេស​ទីតាំង​កម្រិត​ (B) ​នេះ​តែ​ម្តង​។
លោក ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​សព្វ​ថ្ងៃ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កាន់​តែ​ល្អ ​ការ​បង្កើត​អាជីវកម្ម​មាន​ភាព​ជោគជ័យ​ច្រើន​ជាង​បរាជ័យ​ ដូច្នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​អគារ​ពាណិជ្ជកម្ម​កម្រិត​(B)​ដំណើរ​ការ​ទៅ​ល្អ ហើយ​ក៏​មាន​អ្នក​មក​ជួល​ច្រើន​ដែរ​ ។
លោក ​បន្ត​ថា ក្រុមហ៊ុន VTRUST របស់​លោក​គ្រប់​គ្រង​លើ​អគារ​ផ្សារ​ Park Way នេះ​៧​ខែ​ហើយ តម្រូវ​ការ​ជួល​កើន​លើស​ការ​រំពឹង​ទុក​ ដែល​ពេល​នេះ​អតិថិជន​ជួល​ អស់​៧៥​ភាគរយ​​ហើយ ចំណែក​២៥​ភាគរយ ទៀត​លោក​រំពឹង​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នឹង​អាច​ជួល​បាន​ទាំង​អស់​តែ​ម្តង​។ លោក​ប្រាប់​ទៀត​ថា ចំណែក​អគារ​ពាណិជ្ជកម្ម​ជួល​កម្រិត​(A)​ក្រុម​ហ៊ុន​របស់​លោក​មិន​ទាន់​បាន គិត​ទេ​ ព្រោះ​បច្ចុប្បន្ន​នេះ​ការ​ផ្គត់ផ្គង់​អគារ​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន​ ដូចជា អគារ​វឌ្ឍនៈ​កាប់ពីតាល អគារ​ភ្នំពេញ​ថោវើ​និង​អគារ​កាណាឌីយ៉ា​ថោវើ ជា​ដើម។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ តំបន់​គោល​ដៅ​ធ្វើ​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​លោក​​ស្ថិត​នៅ​ ខណ្ឌ​ដូនពេញ ខណ្ឌ​៧មករា​ និង​ខណ្ឌ​ទួលគោក​ ដោយ​សារ​នៅ​ទីនោះ​ល្អ​សម្រាប់​ការ​ជួល​កម្រិត​(B)​ច្រើន​។
លោក ឌឺត ចណ្ណា ​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីអឹមស៊ី​ ឲ្យ​លើក​ឡើង​ថា ​ការ​ផ្គត់ផ្គង់​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​លោក​គិត​ថា នៅ​តែ​ល្អ​ ប៉ុន្តែ​កម្រិត​ (B)​ លោក​គិត​ថា​មាន​តម្រូវ​ការ​ខ្ពស់​ជាង​គេ​។​ លោក​បញ្ជាក់​ថា​៖​«កម្រិត​ (A)​ ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា ​ប៉ុន្តែ​កម្រិត​(B)​ មាន​តម្រូវ​ការ​ច្រើន​ជាង​ការ​ផ្គត់​ផ្គង់​ ដោយ​សារ​សហគ្រាស​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​ត្រូវ​ការ​ខ្លាំង​ប្រភេទ​ នេះ​»។
លោក​បន្ត​ថា ​កម្រិត​ (B)​ ដែល​មាន​តម្រូវ​ការ​ខ្លាំង​ មាន​តម្លៃ​ចន្លោះ​ពី​៨​ទៅ​១២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ខណៈ​កម្រិត ​(A) មាន​តម្លៃ​ចន្លោះ​ពី​១៨​ទៅ​២៥​ដុល្លារ​។ ​លោក​បន្ត​ថា ​២​ឬ​៣​ឆ្នាំ​ខាង​មុខ​តម្រូវ​ការ​ជួល​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន បើ​ការ​បើក​អាជីវកម្ម​នៅ​តែ​មាន​ច្រើន​ដូច​នេះ ​ជាក់​ស្តែង​ក្រុមហ៊ុន​យើង​តម្រូវ​ការ​ជួល​ទីតាំង​នៅ​មជ្ឈ​មណ្ឌល​ ពាណិជ្ជកម្ម​នៅ​ឆមាស​ទី១​ឆ្នាំ​នេះ បានកើន​៣០​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​។
លោក ​ចណ្ណា​ បាន​បន្ថែម​ទៀត​ថា ​តំបន់​ដែល​មាន​អគារ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ ​គឺ​ស្ថិត​នៅ​តំបន់​បឹងកេងកង​ តាម​មហា​វិថី​ព្រះមុនីវង្ស ​និង​តំបន់​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​ ព្រោះ​ទី​នោះ​វា​អំណោយ​ផល​ដល់​ការ​ប្រកប​អាជីវកម្ម​ល្អ​បំផុត​។
តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក ​ស៊ា ឆៃលីន ​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ភ្នំពេញ​ បាន​​ប្រាប់​ថា ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្លះក៏​នៅ​ទំនេរ​ច្រើន​ដែរ អគារ​ខ្លះ​មាន​សល់​កន្លែង​ទំនេរ​៣០​ភាគរយ ​និង​ខ្លះ​ទៀត​សល់​ដល់​ទៅ​៥០​ភាគរយ​ ដែល​មិន​ទាន់​មាន​អតិថិជន​ជួល​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា ម្ចាស់​អគារ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​បញ្ហា​នេះ​។
លោក ​បញ្ជាក់​ថា​​៖«​អគារ​ធំៗ​និង​ខ្ពស់ៗ​ពី​៥ជាន់​ឡើង​ទៅ​នៅ​ក្នុង ​ រាជធានី​ ភ្នំពេញ​ភាគ​ច្រើន​យ៉ាង​ហោច​ណាស់​ពី​៣០​ទៅ​៥០ភាគ​រយ​នៅ​ទំនេរ ​គ្មាន​អតិថិជន​មក​ជួល​ ប៉ុន្តែ​បើ​អគារ​តូចៗ​តម្លៃ​សមរម្យ​ឃើញ​ថា​ ងាយ​ស្រួល​រក​អតិថិជន​ជួល​ជាង​»។​
លោក ​បន្ថែម​ថា ​វា​លំបាក​ជួល​ដោយ​សារ​តែ​បញ្ហា​តម្លៃ​ ​ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​មិន​ដាក់​ជួល​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ គឺវា​មិន​អាច​នៅ​ទំនេរ​ច្រើន​បែប​នេះ​ទេ៕
Posted in ព័ត៌មាន.