តម្រូវ​ការ និង​តម្លៃ​ការិយាល័យ​ជួល​មាន​កំណើន​ក្នុង​រង្វង់​ពី ១០-២០%

ការ​ហូរ​ចូល​នៃ​វិនិយោ​គិន​បរទេស​មក​កាន់ ​ទីផ្សារ​កម្ពុជា​កាន់​ ច្រើន ស្រប​ពេល​ដែល​និន្នាការ​ប្រើ​ប្រាស់​ផ្ទះ​ល្វែង ឬ​វីឡា​ធ្វើ​ជា​ការិយាល័យ​កំពុង​ថយ​ចុះ​នោះ បាន​ធ្វើ​ឲ្យ​កំណើន​តម្រូវ​ការ​ការិយាល័យ​ជួល​ក្នុង​រយៈ​ពេល ១០ ខែ​ក្នុង ឆ្នាំ​២០១៤ នេះ​កើន​ឡើង​ក្នុង​ចន្លោះ​ពី ១០​-២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
លោក គុយ វ៉ាត អគ្គ​នាយក​ក្រុម​ហ៊ុន វីត្រាស់ គ្រុប ដែល​កំពុង​គ្រប់​គ្រង​អគារ​ការិយា​ល័យ​ជួល​កម្រិត B មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា តម្រូវ​ការ​ការិយាល័យ​ជួល​ពិត​ជា​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ។ លោក​បន្ត​ថា គិត​ត្រឹម​រយៈ​ពេល ១០​ខែ ក្នុង ឆ្នាំ​២០១៤ នេះ​តម្រូវ​ការ​ការិយាល័យ​ជួល​នៅ​ក្រុម​ហ៊ុន វីត្រាស់ មាន​កំណើន​ចន្លោះ​ពី ១០​-២០ ភាគរយ ចំណែក​តម្លៃ​របស់​វា​ក៏​បាន​កើន​ឡើង​ប្រហែល ១០ ភាគរយ​ផង​ដែរ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា តម្រូវការ​ការិយាល័យ​ជួល​នឹង​មាន​សន្ទុះ​កើន​ឡើង​កាន់​តែ​ច្រើន ព្រោះ​បច្ចុប្បន្ន​នេះ​មាន​អ្នក​វិនិយោគ​បរទេស​ជាច្រើន​កំពុង​ ធ្វើ​ដំណើរ​មក ​កាន់​ប្រទេស​កម្ពុជា។ នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​តម្រូវ​ការ​ការិយា​ល័យ​ជួល​កើន​ឡើង»។ លោក​បន្ត​ថា៖ «ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការិយា​ល័យ​ជួល​នៅ​ពេល​នេះ​ក៏​ដោយ​សារ​ និន្នាការ​នៃ​ការ​ជួល​ផ្ទះ​ល្វែង និង​វីឡា​មក​ធ្វើ​ជា​ការិយាល័យ​កំពុង​ធ្លាក់​ចុះ»។
អគ្គ​នាយក​ក្រុម​ហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង ​ទៀត​ថា បច្ចុប្បន្ន​ការិយាល័យ​ជួល​របស់​លោក (ផាកវ៉េ) ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ចន្លោះ​ពី ៩៦​-៩៧ ភាគរយ និង​អគារ​ការិយា​ល័យ​ជួល​មួយ​ទៀត​ដែល​ស្ថិត​នៅ​ក្រោយ​អគារ​ទីស្តីការ​គណៈ​ រដ្ឋ​មន្ត្រី មាន​អត្រា​ប្រើ​ប្រាស់​ប្រមាណ ៩០ ភាគរយ។ ក្រុម​ហ៊ុន​មក​ពី​បរទេស​ដែល​បាន​មក​ជួល​អគារ​ការិយាល័យ​របស់​ក្រុម​ហ៊ុន វីត្រាស់ មាន​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា ជប៉ុន ចិន សិង្ហបុរី កូរ៉េ និង​ម៉ាឡេស៊ី។
លោក ថាប់ រិទ្ធី នាយក​គ្រប់​គ្រង​ទូទៅ​នៃ​កាណាឌីយ៉ា ថោវើ បាន​ប្រាប់​ថា គិត​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​អត្រា​ជួល​អគារ​ការិយាល័យ​នៅ កាណាឌីយ៉ា ថោវើ មាន​កំណើន ១៥ ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​អតិថិជន​ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​ថ្មី​មក​ពី ប្រទេស​ចិន និង​ម៉ាឡេស៊ី។ លោក​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ផ្ទៃ​អគារ​ការិយាល័យ ៨៥ ភាគ​រយ​ត្រូវ​បាន​អតិថិជន​ជួល​ប្រើ​ប្រាស់។ តម្លៃ​ការិយាល័យ​ជួល​ក្នុង​អគារ​កាណាឌីយ៉ា ១ ខែ​មាន​តម្លៃ ២៥ ដុល្លារ និង​បូក​បន្ថែម ៥ ដុល្លារ​ទៀត មាន​ន័យ​ថា តម្លៃ​ជួល​អគារ ២៥ ដុល្លារ​ក្នុង ១ ម៉ែត្រ​ការ៉េ​និង ៥ ដុល្លារ​សម្រាប់​សេវាកម្ម​ក្នុង​អគារ​នេះ។
លោក ​អះអាង​ថា៖ «តម្រូវ​ការ​ការិយាល័យ​ជួល​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ហេតុ​នេះ​ទើប​យើង​មាន​គម្រោង​ពង្រីក​ទំហំ​ការិយាល័យ​ជួល​ក្នុង​ អគារ​នេះ​ បនែ្ថម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អតិថិជន»។ លោក​បន្ត​ថា៖ «បច្ចុប្បន្ន​ការិយាល័យ​ជួល​នៅ​កាណាឌីយ៉ា ថោវើ មាន​ចាប់​ពី​ជាន់ ទី១៦​-២៧ ប៉ុន្តែ​ពេល​នេះ​យើង​កំពុង​ពង្រីក​ទំហំ​ផ្ទៃ​ការិយា​ល័យ​ជួល​ចុះ​មក​ក្រោម គឺ​ចាប់​ពី​ជាន់ ទី១១ ឡើង​ទៅ​ដែល​ពី​មុន​ទីតាំង​នេះ​ជា​ការិយាល័យ​ធនាគារ​កាណាឌីយ៉ា»។
លោក រិទ្ធី បាន​បញ្ជាក់​ថា តម្រូវការ​ប្រើ​ប្រាស់​អគារ​ការិយា​ល័យ​នៅ កាណាឌីយ៉ា ថោវើ នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​អន្តរជាតិ ៣-៤ កំពុង​តែ​ចរចា​ដើម្បី​ចុះ​កុងត្រា​ជួល​អគារ​នេះ​ធ្វើ​ជា​ការិយាល័យ។
ទោះ ​ជា​យ៉ាង​ណា​អ្នក​ស្រី អាន ធីតា នាយិកា​រង​នៃ​ក្រុម​ហ៊ុន CBRE ប្រចាំ​កម្ពុជា និង​ជា​ក្រុមហ៊ុន​តំណាង​ភ្នាក់ងារ​លក់​នៃ​អគារ​វឌ្ឍនៈ​មិន​សូវ​មាន​សុទិដ្ឋិ ​និយម​ពី​វិស័យ​នេះ​ខ្ពស់​នោះ​ទេ ដោយ​អ្នក​ស្រី បាន​និយាយ​ថា ជា​ទូទៅ​តម្រូវ​ការ​អគារ​ការិយាល័យ​ជួល​នៅ​ឆ្នាំ​នេះ​មាន​កំណើន​តិច​តួច ខណៈ​ការ​ផ្គត់​ផ្គង់​ក៏​តិច​តួច​ដែរ។ នៅ​ឆ្នាំ​នេះ​មាន​តែ​អគារ​ការិយាល័យ​ប្រភេទ C ទំហំ​ជាង ២០០០ ម៉ែត្រ​ការ៉េ និង​អគារ​ការិយាល័យ​កម្រិត A ជាង ២៨០០០ ម៉ែត្រ​ការ៉េ ប៉ុណ្ណោះ​បាន​ផ្គត់​ផ្គង់​ចូល​ទីផ្សារ។ អ្នក​ស្រី​បាន​បន្ត​ថា ចំណែក​អគារ​ការិយាល័យ​កម្រិត B មិន​មាន​ផ្គត់​ផ្គង់​ចូល​ទីផ្សារ​ថ្មី​នោះ​ទេ បើ​ទោះ​ជា​តម្រូវការ​អគារ​ការិយាល័យ​កម្រិត B មាន​តម្រូវ​ការ​ខ្ពស់​ក្តី ប៉ុន្តែ​ដោយ​សារ​កំណើន​នូវ​តម្រូវ​ការ និង​មិន​សូវ​មាន​ការ​ផ្គត់​ផ្គង់​ថ្មីៗ​បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​អគារ​ ការិយាល័យ​មាន​កំណើន ១០ ភាគរយ​ប្រចាំ​ឆ្នាំ។
អ្នក ​ស្រី​បាន​ថ្លែង​ថា៖ «តម្រូវ​ការ​អគារ​ការិយាល័យ​កម្រិត B នៅ​តែ​ខ្ពស់​ជាង​គេ ខណៈ​អគារ​ការិយាល័យ​កម្រិត C កំពុង​មាន​ភាព​ប្រកួត​ប្រជែង​ជាមួយ​វីឡា ឬ​ផ្ទះ​ល្វែង ដែល​គេ​និយម​ជួល​ធ្វើ​ការិយាល័យ»។ អ្នក​ស្រី​បាន​បន្ថែម​ថា៖ «ទោះ​ជា​យ៉ាង​ណា​បច្ចុប្បន្ន​នេះ​និន្នាការ​ជួល​ផ្ទះ​ធ្វើ​ជា​ការិយាល័យ​ កំពុង​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ហើយ ព្រោះ​ការ​ប្រើ​ប្រាស់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​ចំណាយ​ខ្ពស់​ទៀត​ផង បើ​ប្រៀប​ធៀប​ជាមួយ​ការ​ជួល​អគារ​ការិយាល័យ»។
អ្នក ​ស្រី ធីតា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​អត្រា​ប្រើ​ប្រាស់​អគារ វឌ្ឍនៈ មាន​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ​នៃ​ផ្ទៃ​ការិយាល័យ​សរុប​ក្នុង​ពេល​ដែល​តម្រូវ​ការ​អគារ​ការិយាល័យ​ កម្រិត A មិន​សូវ​មាន​សន្ទុះ​ខ្ពស់​ទេ ព្រោះ​ទាល់​តែ​ក្រុម​ហ៊ុន​អន្តរជាតិ​ធំៗ​ទើប​ហ៊ាន​ប្រើ​ប្រាស់​ការិយា​ល័យ​ កម្រិត A ដែល​មាន​តម្លៃ​ជួល​ចន្លោះ​ពី ២៨-​៣៨ ដុល្លារ និង​បូក​បន្ថែម​សេវាកម្ម​ចំនួន ៥ ដុល្លារ​ទៀត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ៕
Posted in ព័ត៌មាន.