វិនិយោគិន ​ចិន​សង់​ខុនដូ​រាង​ត្រីកោណ

ក្រុមហ៊ុន​មួយ​មកពី​ប្រទេស​ចិន​កំពុង​ ចាប់ផ្តើម​វិនិយោគ​សាងសង់​ ខុនដូ​រាង​ត្រីកោណ​ដែល​មាន​កម្ពស់​១៤​ជាន់ និង​ផ្ទះល្វែង​មួយ​ចំនួន​ទៀត​នៅ​កោះពេជ្រ។
លោក សុផល ប្រធាន​ការិយាល័យ​ចាត់ការ​ទូទៅ Diamond Condo បាន​និយាយ​ថា ក្រុមហ៊ុន​រ៉ែ​មកពី​ប្រទេស​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង Diamond Condo កម្ពស់​១៤​ជាន់ និង​ផ្ទះល្វែង​ចំនួន​៤០​នៅ​ជុំវិញ​គម្រោង​នេះ។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​ហើយ និង​កំពុង​សាងសង់​ជាន់​ក្រោម​ដី​ចំនួន​ពីរ​ជាន់​សម្រាប់​ ប្រើប្រាស់​ជា​ កន្លែង​ចតរថយន្ត។ លោក​បន្ត​ថា រយៈពេល​បញ្ចប់​គម្រោង​នេះ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​គឺ​ក្រុមហ៊ុន​គ្រោង​បញ្ចប់​ការ​សាងសង់​ ក្នុង​រយៈពេល​បី ​ឆ្នាំ។

ប្រធាន​ការិយាល័យ​ចាត់ការ​ទូទៅ​គម្រោង Diamond Condo មាន​ប្រសាសន៍​ថា​៖​«ការ​លក់​ផ្ទះ​ក្នុង​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែ​ សីហា ឬ​ខែ​កញ្ញា​ខាង​មុខ ព្រោះ​យើង​ចង់​បង្ហាញ​ពី​លទ្ធផល​នៃ​គម្រោង​នេះ​សិន​ទើប​ចាប់ផ្តើម​លក់ គឺ​ខុស​ពី​គម្រោង​មួយ​ចំនួន​ដែល​គ្រាន់តែ​លើក​ស្លាក​ក៏​ ប្រកាស​លក់​ភ្លាម»។
លោក​បាន​បន្ត​ថា​៖​«​គម្រោង​Diamond Condo មាន​លក្ខណ​ពិសេស ព្រោះ​អគារ​ខុនដូ​នេះ​មាន​រាង​ដូច​ត្រីកោណ​ដែល​មាន​លក្ខណៈ​ស្រប​គ្នា​ជាមួយ​ សណ្ឋាន​ដី​របស់​ខុនដូ»។ ទោះបី​ជា​យ៉ាង​ណា​លោក សុផល មិន​បាន​បញ្ជាក់​ពី​ចំនួន​ទុន​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ ហើយ​ក៏​មិន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​វិនិយោគ​ក្នុង​គម្រោង​នេះ​ដែរ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ជា​ក្រុមហ៊ុន​មកពី​តំបន់​វិនចូ ប្រទេស​ចិន។
លោក ជិន ហុក អនុប្រធាន​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​កោះពេជ្រ បាន​ប្រាប់​ថា ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ Diamond Condo បាន​ទិញ​ដី​ពី​ក្រុមហ៊ុន OCIC ទំហំ​៨៧០០​ម៉ែត្រការ៉េ។
koh pich 01
អគ្គនាយក​ក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត លោក វ៉ន ចាន់ថន បាន​និយាយ​ថា ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​នា​ពេល​នេះ​មាន​សភាព​ល្អ​តាម​តំបន់ ព្រោះ​ការ​សាងសង់​កំពុង​កើតមាន​ច្រើន​នៅ​ភ្នំពេញ។ ទីតាំង​នៅ​កោះពេជ្រ និង​នៅ​ម្តុំ​ជិត​ស្ថានទូត​ប្រទេស​រុស្ស៊ី​សុទ្ធតែ​ជា​ទីតាំង​ល្អ​សម្រាប់​ សាងសង់​ខុនដូ ខណៈ​អ្នក​ចូលចិត្ត​រស់នៅ​ខុនដូ​តែងតែ​ផ្តោត​សំខាន់​លើ​ពីរ​ចំណុច ទី​១​តំបន់​មាន​ទេសភាព​ល្អ បរិស្ថាន និង​ខ្យល់​អាកាស​ល្អ និង​ទី​២​ជា​តំបន់​ងាយស្រួល​រស់នៅ​ពោល​គឺជា​តំបន់​មាន​ផ្សារ​ទំនើប សាលារៀន និង​ភោជនីយដ្ឋាន​ជាដើម។

លោក​ថ្លែង​ថា​៖ «​អ្នក​រស់នៅ​ខុនដូ​ភាគច្រើន​មិនមែន​ជា​គ្រួសារ​ធំ​ទេ ពួកគេ​ច្រើន​តែ​ស្នាក់នៅ​ម្នាក់​ឯង ឬ​ពីរ​នាក់ និង​ចូលចិត្ត​ដើរ​កម្សាន្ត​ច្រើន»។ លោក​បន្ត​ថា​៖​«គ្រួសារ​ដែល​រស់នៅ​តាម​ខុនដូ​យ៉ាង​ភាគច្រើន​មាន​កូន​១​នាក់​ ហើយ​បើ​គ្រួសារ​មាន​កូន​បី​នាក់​ឡើង​ទៅ​ពួកគេ​មិន​រស់នៅ​តាម​ ខុនដូ​ទេ ព្រោះ​អ្នក​រស់នៅ​ខុនដូ​មិន​សូវ​ចម្អិន ឬ​ធ្វើ​ម្ហូប​នៅ​ផ្ទះ​ទេ ពួកគេ​ច្រើន​ទទួលទាន​ខាង​ក្រៅ»។
លោក អ៊ិន ស៊ីថា អគ្គនាយករង​ក្រុមហ៊ុន World Trust Estate បាន​ប្រាប់​ថា ការ​ផ្គត់ផ្គង់​ខុនដូ​កំពុង​មាន​ការ​កើនឡើង ប៉ុន្តែ​ចរន្ត​នៃ​ការ​ដោះដូរ​ក៏​មាន​ការ​កើនឡើង​ដែរ ដោយសារ​មាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​នៅ​ក្រៅ​ប្រទេស​ដូចជា​ជនជាតិ​ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និង​ចិន​ជាដើម។
លោក​ថ្លែង​ថា ដើម្បី​ឲ្យ​ការ​វិនិយោគ​ខុនដូ​ទទួល​ជោគជ័យ​គួរ​ផ្តោត​លើ​កត្តា​សំខាន់ៗ​ ចំនួន​៤​ដូចជា ទី១​ទីតាំង​ភូមិសាស្រ្ត​គួរ​ជា​កន្លែង​មាន​ទេសភាព​ល្អ និង​ខ្យល់​អាកាស​ល្អ ទី​២​គុណភាព​សំណង់ និង​តម្លៃ​លក់​សមស្រប ទី​៣​ការ​រចនា​សោភ័ណភាព​ខាង​ក្នុង និង​ក្រៅ​អគារ និង​ទី​៤​ច្រក​ផ្លូវ​សម្រាប់​ចេញ​ចូល​មិន​គួរ​ជា​ទីតាំង​មាន​ភាព​មមាញឹក​ពេក ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់នៅ៕
Posted in ព័ត៌មាន.