គម្រោង ​$១៥០​លាន​ចាប់ផ្តើម​ឆាប់ៗ

ភ្នំពេញៈ គម្រោង​សាងសង់​អគារ​តាម​បែប​ទីក្រុង​ប៉ារីស តម្លៃ​$១៥០​លាន​នៅ​កោះពេជ្រ​នឹង​ត្រូវ​បាន​ចាប់ផ្ដើម​នៅក្នុង​រយៈពេល​ ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។
គម្រោង​សាងសង់​អាផាត​មិន​នេះ​នឹង​ត្រូវ​ ប្រើ​រយៈពេល​៤​ឆ្នាំ ដែល​សាងសង់​លើ​ផ្ទៃដី ៧០ ០០០​ម៉ែត្រការ៉េ។
The Élysée ​គឺជា​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន អភិវឌ្ឍន៍​កោះពេជ្រ OCIC និង​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​គម្រោង​អគារ​កម្ពស់​៥៥៥​ម៉ែត្រ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​ផ្លូវការ​អនុញ្ញាត​ឲ្យ​សាងសង់​កាលពី​ខែ​ឧសភា​ ឆ្នាំ​មុន ប៉ុន្តែ​មិន​ទាន់​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឡើយ​នោះ​។

ការ​អភិវឌ្ឍ​សំណង់​តាម​បែប​បារាំង​នេះ​ នឹង​មាន​ទីតាំង​នៅ​ភាគ​ខាង​កើត​កោះពេជ្រ​ទល់​មុខ​សំណង់​លំនៅឋាន Elite Town​។
អគារ The Élysée ​ដែល​រួមមាន​២៦៦​ល្វែង និង​ត្រូវ​បាន​កំណត់​ទិសដៅ​អតិថិជន​ក្នុង​ស្រុក​ដែល​មាន​ផ្តល់​នូវ ទីតាំង​សម្រាប់​អាជីវកម្ម​ដែល​អាច​ផ្លាស់ប្តូរ​បាន​កាន់តែ​ ច្រើន មាន​ដូចជា​ផ្ទះល្វែង ខុនដូ និង​សណ្ឋាគារ​។
ខណៈ​ស្ថិត​ក្នុង ដំណាក់កាល​ធ្វើ​ផែនការ​នៅ​ឡើយ ហើយ​ដោយ​មាន​ការ​ចុះ​កិច្ចសន្យា​សាងសង់​មិន​ទាន់​ត្រូវ​បាន​ចេញ​នៅ​ឡើយ លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា លោក​មាន​ទស្សនវិស័យ​នៃ​ការ​ដាក់​ឲ្យ​មាន ហាង ផ្ទះល្វែង ខុនដូ និង​សណ្ឋាគារ​ដល់​ប្រជាជន​រស់​នៅក្នុង​តំបន់​ថ្មី​នេះ​។
លោក​បន្ត​ថា​៖ «​អគារ​នីមួយៗ​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៨០០ ០០០​ដុល្លារ​អាមេរិក ដល់​១,៣​លាន​ដុល្លារ​។ យើង​មាន​បំណង​ចាប់ផ្ដើម​លក់​នៅ​ខែ​ក្រោយ​នេះ​»។ លោក សំណាង បាន​និយាយ​នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី​អចនលទ្រព្យ និង​សំណង់​ថា ការ​លក់​អគារ​នៅ​គម្រោង​The Élysée នឹង​ត្រូវ​សំដៅ​លើ​អ្នក​មាន​ថ្នាក់​កណ្ដាល និង​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​។
លោក ច្រឹក សុខនីម អគ្គនាយករង​ក្រុមហ៊ុន​អចលនទ្រព្យ Vtrust បាន​ស្វាគមន៍​គម្រោង​នេះ ខណៈ​ការ​កើនឡើង​ចំនួន​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ និង​កង្វះ​អគារ​ស្នាក់នៅ​ជា​ការ​ព្រួយបារម្ភ​មួយ​ដែល​កាន់​តែ​ខិត​ចូល​មក ដល់។
លោក​បន្ត​ថា​៖ «​មាន​កង្វះខាត​ដ៏​ធំ​នៃ​អគារ​ផ្ទះល្វែង​មាន​គុណភាព​នៅក្នុង​ទីក្រុង​នេះ ហើយ​គម្រោង​នេះ នៅពេល​បញ្ចប់​នឹង​ជួយ​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​នៅក្នុង​មជ្ឈមណ្ឌល ទីក្រុង​ភ្នំពេញ​»។
លោក​លើក​ឡើង​ថា​៖ «​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ខ្ញុំ​សង្ឃឹម​ថា​ភ្នំពេញ​នឹង​មាន​ការ​អភិវឌ្ឍ​ក្នុង​ទំហំ​ធំ​ជាច្រើន សំដៅ​ដល់​ប្រជាជន និង​ជនបរទេស​មាន​ទ្រព្យសម្បត្តិ​ច្រើន​»។
របាយការណ៍​កំណើន​ទីផ្សារ​អាផាតមិន របស់ CBRE Cambodia បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​កក់ទុក និង​ការ​ជួល តែ​នៅ​អាស្រ័យ​លើ​តម្រូវការ​ខ្លាំង​ពី​ជនបរទេស​។
របាយការណ៍​និយាយ​ថា​៖ « ជនបរទេស​បន្ត​ជំរុញ​កំណើន​តម្រូវការ​សម្រាប់​សេវា​អាផាតមិន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ដោយ​មាន​កម្រិត​ចេះ​តែ​បន្ត​កើនឡើង​។

របាយការណ៍​បន្ត​ថា​៖ « តម្រូវការ​អគារ​ស្នាក់នៅ​មាន​បន្ទប់​គេង​បី​គឺ​មាន​ការ​ចាប់​អារម្មណ៍​ ខ្លាំង​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​កំពុង​ខ្វះខាត​»៕

Posted in ព័ត៌មាន.