សាកលវិទ្យាល័យ ​អចលនទ្រព្យ​ចាប់​បើក​ដំណើរការ

តើ​មជ្ឈដ្ឋាន​អ្នក​សិក្សា​ធ្លាប់​មាន​ ការ​ធុញទ្រាន់​នឹង​ជំនាញ​ សិក្សា​ដដែលៗ​ដែល​សាកលវិទ្យាល័យ​នានា​នៅ​កម្ពុជា​កំពុង​ បណ្តុះបណ្តាល​ សព្វថ្ងៃ​ដែរ ឬ​ទេ? ប្រសិន​បើ​ធុញទ្រាន់ ហើយ​ចង់​ចាប់​យក​ជំនាញ​ថ្មី​នោះ ឥឡូវ​នេះ​សាកលវិទ្យាល័យ​អចលនទ្រព្យ Century21 Cambodia University បាន​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ។
លោកស្រី ក្រេស រចនីហ្វុង នាយិកា​បណ្តុះបណ្តាល​នៃ Century21 Cambodia University បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក Century21 ដែល​មាន​បុត្រសម្ព័ន្ធ​នៅ​កម្ពុជា Century21 Cambodia បាន​ចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាក់ទង​នឹង​អចលនទ្រព្យ​ហើយ។ 
សាកលវិទ្យាល័យ Century21 Cambodia University មាន​ទីតាំង​នៅ​អគារ​ផាកវេ ជាន់​ទី​២។
លោកស្រី​បាន​បន្ត​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​កំពុង​ធ្វើការ​បណ្តុះបណ្តាល​ដល់​សមាជិក​របស់​ ក្រុមហ៊ុន Century21 Cambodia ដោយ​គ្រោង​នឹង​បើក​បណ្តុះបណ្តាល​សម្រាប់​សាធារណជន​នៅ​ខែ​វិច្ឆិកា​នេះ ខណៈ​ការ​ចុះឈ្មោះ​ចូល​រៀន​កំពុង​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ ថ្ងៃ។
លោក​ស្រី ក្រេស រចនីហ្វុង នាយិកាបណ្តុះបណ្តាល​នៃ Century21 Cambodia University​ ។ រូបថត សហការី
លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​នៅ​សាកលវិទ្យាល័យ​នេះ​មិន​បណ្តុះបណ្តាល ​ដូច​សាកលវិទ្យាល័យ​នានា​នោះ​ទេ ដោយ​មាន​បង្រៀន​ទ្រឹស្តី​ផង និង​អនុវត្តន៍​ការងារ​ជាក់ស្តែង​ផង​សម្រាប់​ប្រើប្រាស់​ក្នុង ​អាជីព​នៅពេល​ បញ្ចប់​ការ​សិក្សា។
លោកស្រី​មាន​ប្រសាសន៍​ថា​៖​«​ការ​បើក​ សាកលវិទ្យាល័យ​នេះ ព្រោះ​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​មាន​ជំនាញ​ វិជ្ជាជីវៈ​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ»។ លោកស្រី​បន្ថែម​ថា​៖​«​វិញ្ញាបនបត្រ​ដែល​ចេញ​ជូន​និស្សិត​ត្រូវ​ទទួល​ស្គាល់ ​នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​ក្រុមហ៊ុន Century21 តាំង​នៅ»។
នាយិកា​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រូ​បណ្តុះបណ្តាល​នៅក្នុង​សាកលវិទ្យាល័យ​នេះ​មាន​ជនជាតិ​ខ្មែរ សិង្ហបុរី និង​អាមេរិក ដែល​ពួកគេ​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​មាន​ជំនាញ​ផ្នែក​អចលនវត្ថុ​រយៈពេល​យូរ​ ឆ្នាំ និង​ធ្លាប់​ទទួល​ការ​បណ្តុះបណ្តាល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​មាន​វាគ្មិន​ល្បីៗ​ដូចជា​លោក​បណ្ឌិត សុក ស៊ីផាន់ណា ជាដើម​។
លោកស្រី​បាន​បន្ត​ថា អ្នក​ដែល​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ​នេះ​បាន​លុះត្រាតែ​មាន​សញ្ញាបត្រ​ មធ្យមសិក្សា​ទុតិយភូមិ​ឡើង​ទៅ​។ វគ្គសិក្សា​នេះ​ធ្វើ​ឡើង​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។
សាកលវិទ្យាល័យ​នេះ​នឹង​បើក​ បណ្តុះបណ្តាល​លើ​ជំនាញ​ជាច្រើន​ដូចជា ជំនាញ​លក់ ទំនាក់ទំនង​ជាមួយ​អតិថិជន កសាង​ភាព​ជឿជាក់​ជាមួយ​អតិថិជន ទីផ្សារ គ្រប់គ្រង​អចលនទ្រព្យ និង​ជំនាញ​រៀបចំ​ផែនការ​អាជីវកម្ម ជាដើម។
លោកស្រី ក្រេស រចនីហ្វុង បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​សាកលវិទ្យាល័យ Century21 Cambodia University កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​នូវ​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​អចលនវត្ថុ ដែល​ទទួល​ស្គាល់​ពី​រាជរដ្ឋាភិបាល​ដល់​អ្នក​សិក្សា​លើ​ជំនាញ​ទាំងនេះ ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ជា​ភ្នាក់ងារ អចលនវត្ថុ ឬ​មាន​បំណង​រកស៊ី​លើ​ផ្នែក​នេះ។
លោក Kevin Goos អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia មាន​ប្រសាសន៍​ថា ការ​ដែល​ក្រុមហ៊ុន Century21 បង្កើត​សាកលវិទ្យាល័យ​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​ចង់​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នក​ធ្វើ​ការងារ ​ទាក់ទង​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ខណៈ​អ្នក​រក​ស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ សមត្ថភាព និង​កម្រិត​ជំនាញ​វិជ្ជាជីវៈ​នៅ​មាន​កម្រិត បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​រីកចម្រើន​។
លោក​បាន​ថ្លែង​ថា​៖ «ការ​បើក​សាកលវិទ្យាល័យ​នេះ គឺជា​ការ​បើក​ឱកាស​ឲ្យ​យុវជន​វ័យក្មេង​នៅ​កម្ពុជា បាន​ទទួល​នូវ​ជំនាញ និង​អាច​ចាប់ផ្តើម​រកស៊ី​ក្នុង​វិស័យ​នេះ​ដែល​ជា​វិស័យ​មួយ​អាច​ធ្វើឲ្យ​ ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត»។
លោក​បាន​បន្ត​ថា៖​«យើង​នឹង​ផ្តល់​ជូន​ អ្នក​សិក្សា​អាច​យល់​ពី​វិស័យ​ អចលនទ្រព្យ​នៅ​កម្ពុជា​និង​នៅក្នុង​តំបន់​ហើយ​នេះ​ជា​ពេលវេលា ​ដ៏ល្អ​សម្រាប់ ​យុវជន​វ័យក្មេង​ដែល​មាន​បំណង​ក្លាយ​ជា​សហគ្រិន​នៅពេល​ អនាគត»។
លោក Kevin Goos បាន​បន្ត​ថា អ្នក​សិក្សា​នៅក្នុង​ជំនាញ​នេះ​នឹង​អាច​ចង​បណ្តាញ​ជាមួយ​គ្នា ដក​ពិសោធន៍​ការងារ​ជាមួយ​អ្នកជំនាញ ដែល​នឹង​ជួយ​ឲ្យ​ពួកគេ​ទទួល​ជោគជ័យ​ក្នុង​ជីវិត។
ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ចេង ខេង បាន​និយាយ​ថា ការ​បើក​សាកលវិទ្យាល័យ​នេះ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន​គេ​មាន​ សាកលវិទ្យាល័យ​ បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​រួច​ហើយ។ ការ​មាន​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ គឺ​ដើម្បី​ឲ្យ​អ្នក​ដែល​មាន​បំណង​រកស៊ី​ក្នុង​វិស័យ​នេះ​មាន​ជំនាញ​ ច្បាស់លាស់ ហើយ​ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​ពួកគេ​ត្រូវ​តែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល ​។
លោក​បន្តថា នៅ​កម្ពុជា​បើ​និយាយ​ពី​ស្តង់ដារ​ផ្នែក​នេះ គឺ​ពិបាក​នឹង​និយាយ​ណាស់​ថា អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​មាន​ជំនាញ​កម្រិត​បឋម មធ្យម ឬ​ឧត្តម ព្រោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​សាលា​បណ្តុះបណ្តាល​នោះ​ទេ​។
លោក​បាន​ថ្លែង​ថា​៖ «​វិស័យ​អចលនទ្រព្យ​ជា​វិស័យ​ក្តៅគគុក​មួយ​ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ ប្រទេស និង​កាត់បន្ថយ​នូវ​ជម្លោះ​ដីធ្លី ប៉ុន្តែ​ប្រសិន​បើ​អ្នក​រកស៊ី​ក្នុង​ផ្នែក​នេះ​គ្មាន​ជំនាញ​ច្បាស់លាស់​នឹង​ ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដល់​សង្គម និង​សេដ្ឋកិច្ច​»។
លោក​បាន​បន្ត​ថា​៖​«​យើង​ចង់​ឲ្យ​អ្នក​ រកស៊ី​ក្នុង​វិស័យ​នេះ​ទាំងអស់​ មាន​ជំនាញ​តាមរយៈ​ការ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​ដីធ្លី​កាន់តែ​មាន​ស្ថិរភាព​ ល្អ»៕

 

Posted in ព័ត៌មាន.