តម្លៃ ​ដី​កញ្រ្ជោល​ឡើង​ថ្លៃ ខណៈ​ស្ពាន​ព្រែក​សំរោង​បើក​ឲ្យ​ប្រើ​ប្រាស់

តម្លៃ​ដី​នៅ​ ជុំវិញ​ស្ពាន​ព្រែក​សំរោង ក្នុង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​កញ្រ្ជោល​ឡើង​ប្រៀប​ដូច​ពពុះ​សាប៊ូ ស្រប​ពេល​ដែល​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​តភ្ជាប់​ពី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ឆ្ពោះ​ទៅ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ។
លោក ផៃ ប៊ុនឈឿន អភិបាល ខេត្ត​កណ្តាល បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ នា​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​មុន​អាជ្ញាធរ​ធ្លាប់​មាន​ផែនការ​បើក​សម្ពោធ​ស្ពាន​នេះ​ជា​ផ្លូវ​ការ​ ក្នុង ខែ​កញ្ញា កន្លង​មក ប៉ុន្តែ​ដោយ​សារ​ផ្លូវ​តភ្ជាប់​សង​ខាង​ស្ពាន​នេះ​មិន​ទាន់​សាង​សង់​រួច​រាល់ ​ទើប​ផែនការ​នេះ​ត្រូវ​ពន្យារ​ពេល។ តែ​ទោះ​បី​ជា​យ៉ាង​ណា​បច្ចុប្បន្ន​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​នេះ​ហើយ។ 
លោក​មាន​ ប្រសាសន៍​ថា៖ «តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​សាង​សង់​ផ្លូវ​នៅ​សង​ខាង​ស្ពាន​នេះ​នឹង​ ត្រូវ​បញ្ចប់​នៅ​មុន​ពិធី​បុណ្យ ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ខាង​មុខ តែ​ការ​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​មិន​ទាន់​ដឹង​ថា នឹង​ធ្វើ​នៅ​ពេល​ណា​នោះ​ទេ»។
ទាក់ទង​នឹង​ តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នោះ​លោក​បាន​លើក​ឡើង​ ថា៖ «តាម​ធម្មតា​តំបន់​ណា​មាន​ការ​អភិវឌ្ឍ​តម្លៃ​ដី​នឹង​ហក់​ឡើង ខណៈ​ហាង​ឆេង​បច្ចុប្បន្ន​ស្ថិត​នៅ​លើ​មាត់​ ម្ចាស់​ដី​តែ​ប៉ុណ្ណោះ ព្រោះ​មិន​ឃើញ​មាន​អ្នក​ទៅ​ទិញ​ដី​ធំ​ដុំ​ដើម្បី​យក​ទៅ​វិនិយោគ​នៅ​ក្នុង​ តំបន់​នោះ​ទេ»។
ស្ពាន​ព្រែក​ សំរោង ឆ្លង​កាត់​ទន្លេ​បាសាក់​នេះ​មាន​ប្រវែង ៨៥៥ ម៉ែត្រ​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន ស៊ាងហៃ ដែល​ជា​ក្រុម​ហ៊ុន​មក​ពី ប្រទេស​ចិន។
នាយក​ក្រុម​ហ៊ុន ​អចលន​ទ្រព្យ ខ្មែរ លោក គីម ហ៊ាង បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក​អភិបាល ខេត្ត​កណ្តាល ដែរ ដោយ​លោក​បាន​ប្រាប់​ថា រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​នៅ​ជុំវិញ​ ស្ពាន​នេះ​មិន​ត្រឹម​តែ​ឡើង​ថ្លៃ​ច្រើន​នោះ​ទេ តែ​វា​បាន​ឈាន​ដល់​ដំណាក់​កាល​ហើម​ប៉ោង​ទៅ​ហើយ ព្រោះ​មាន​អ្នក​ចូល​ទៅ​ក្រឡុក​ទីផ្សារ និង​មាន​អ្នក​ដើរ​និយាយ​បំផ្លើស​ការ​ពិត​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​នោះ​ទាម ​ទារ​តម្លៃ​ដី​តាម​ការ​នឹក​ឃើញ ហើយ​តម្លៃ​នោះ​បាន​ឡើង​ស្ទើរ​រាល់​សប្តាហ៍។
លោក​អះអាង​ ថា៖ «តម្លៃ​ដី​បាន​ឈាន​ដល់​ដំណាក់​កាល​អ្នក​ទិញ​ក៏​ពិបាក​ទិញ អ្នក​លក់​ក៏​លក់​មិន​ចេញ ព្រោះ​ការ​ដំឡើង​ថ្លៃ​នោះ វា​មិន​សម​ស្រប​តាម​ស្ថានភាព​ជាក់​ស្តែង។ ប្រជាជន​តែង​និយាយ​ថា គាត់​ឡើង​ថ្លៃ​ដី ព្រោះ​អ្នក​នយោបាយ​ត្រូវ​គ្នា»។
លោក​បាន​បន្ត ​ថា៖ «ដី​ឡើង​ថ្លៃ​អាស្រ័យ​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ កត្តា​ប្រជាសាស្រ្ត និង​លក្ខខណ្ឌ​ទីតាំង​របស់​ដី»។
លោក គីម ហ៊ាង បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នេះ​តម្លៃ​ដី​បាន​កញ្រ្ជោល​ឡើង​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយ​សារ​ប្រជាជន​គិត​ថា អ្នក​នយោបាយ​ត្រូវ​គ្នា​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​តែ​ លក្ខខណ្ឌ​ដី​ដែល​កំពុង​ឡើង​ថ្លៃ​ ទាំង​នោះ បើ​គេ​ទិញ​មក​ក៏​មិន​ដឹង​ធ្វើ​អី​បាន​ដែរ សូម្បី​ធ្វើ​ស្រែ​ក៏​មិន​កើត​ហើយ​ក៏​គ្មាន​ប្រជាជន​រស់​នៅ​ផង​ដែរ។
លោក​ប្រាប់​ ទៀត​ថា លោក​មិន​ហ៊ាន​និយាយ​ថា តម្លៃ​ដី​នៅ​តំបន់​ជុំវិញ​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ក្រុង​តាខ្មៅ មាន​តម្លៃ​ជាក់​លាក់​ប៉ុន្មាន​នោះ​ទេ ព្រោះ​តម្លៃ​របស់​វា​មាន​ការ​ប្រែ​ប្រួល​រហូត។
លោក​បញ្ជាក់​ ថា៖ «ប្រសិន​បើ​និន្នាការ​បែប​នេះ​នៅ​តែ​បន្ត​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​កម្ពុជា​ អាច​នឹង​មាន​វិបត្តិ​ដីធ្លី​ម្តង​ទៀត»។
ទោះ​បី​យ៉ាង​ ណា លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុម​ហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​សម្តែង​សុទិដ្ឋិ​និយម​ជាង​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ថា តាម​ធម្មតា​ដី​នៅ​តំបន់​ជាប់​ដង​ទន្លេ​តែង​មាន​ សក្តានុពល​គ្រាន់​តែ​រយៈ​ពេល ​វែង ឬ​ខ្លី។ ការ​មាន​ស្ពាន​ឆ្លង​ទន្លេ​បែប​នេះ​វា​កាន់​តែ​ជួយ​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ តំបន់​នោះ​មាន​ផាសុកភាព​ក្នុង​ការ​រស់​នៅ និង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ព្រម​ទាំង​ជំរុញ​ឲ្យ​ តម្លៃ​ដីធ្លី​នៅ​ជុំវិញ​តំបន់​នោះ​ឡើង​ថ្លៃ។
លោក​បន្ត​ថា ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ចន្លោះ​ពី ៥០-១០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ អាស្រ័យ​លើ​ទីតាំង​លក្ខខណ្ឌ និង​ភូមិសាស្រ្ត​របស់​ដី។
លោក ​បាន​ថ្លែង​ថា៖ «នៅ​ពេល​តំបន់​ណា​មួយ​មាន​ការ​អភិវឌ្ឍ​នឹង​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់ ​ដី​កើន​ឡើង​ហើយ​នៅ​ពេល​មាន​តម្រូវ​ការ​ដីធ្លី​ ច្រើន​នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី ​ឡើង​ថ្លៃ​ជាស្វ័យ​ប្រវត្តិ»៕

 

Posted in ព័ត៌មាន.