ដឺភូមិ អេមើរ៉លដ៍ នឹង​លេច​រូប​រាង​ក្នុង ឆ្នាំ​២០១៧

ខណៈ​ការ​ធ្វើ​ សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន កាន់​តែ​ជិត​ឈាន​ចូល​មក​ដល់​គេ​បាន​សង្កេត​ឃើញ​ថា មាន​គម្រោង​សាង​សង់​ខុនដូ ជាច្រើន​កំពុង​លេច​រូប​រាង​ជា​បន្ត​បន្ទាប់​នៅ​រាជធានី​ភ្នំពេញ។
ដឺភូមិ អេមើរ៉លដ៍ (The Bhumi Emerald) គឺជា​ឈ្មោះ​ខុនដូ កម្ពស់ ២៤ ជាន់​មួយ​កន្លែង​ដែល​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក ​ស្ថិត​នៅ​ជិត​ផ្សារ​ទួលទំពូង រាជធានី​ភ្នំពេញ។
លោក ឈុន ឃុនវីរៈ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមរៈ​ស្ថាបនិក ត្រេឌីង ដែល​ជា​ស្ថាបនិក​គម្រោង​សាង​សង់​អគារ​ខុនដូ ដឺភូមិ អេមើរ៉លដ៍ មាន​ប្រសាសន៍​ថា ខុនដូ ដឺភូមិ អេមើរ៉លដ៍ នឹង​ក្លាយ​ជា​អគារ​ដ៏​ល្អ​ប្រណីត​ដែល​តំណាង​ឲ្យ​ អគារ​ប្រណីត​នៅ​តំបន់ ទួល​ទំពូង ដោយ​ការ​សាង​សង់​ខុនដូ​ខាង​លើ​នឹង​ត្រូវ​ប្រើ​ពេល ២​ឆ្នាំ ក្រោម​ទឹក​ប្រាក់​វិនិយោគ​ប្រហែល ១០ លាន​ដុល្លារ​អាមេរិក។

លោក​បន្ត​ថា ការ​សាង​សង់ ដឺភូមិ អេមើរ៉លដ៍ ត្រូវ​បាន​គិត​ទៅ​លើ​គុណភាព និង​បរិស្ថាន​ជា​ចម្បង ព្រោះ​ការ​រចនា​ប្លង់​ខុនដូ​នេះ គឺ​បាន​យក​ដើម​ទំពូង​មក​ដាំ​ជា​ច្រើន។
លោក ឃុនវីរៈ មាន​ប្រសាសន៍​ថា៖ «ខុនដូ ដឺភូមិ អេមើរ៉លដ៍ នឹង​មាន​បំពាក់​នូវ​ជណ្តើរ​យន្ត​ដ៏​ទំនើប​សម្រាប់​ចំណត​រថយន្ត​កម្ពស់ ៤ ជាន់​ហើយ​នៅ​ជាន់ ទី១៥ មាន​អាង​ហែល​ទឹក និង​កន្លែង​ហាត់​ប្រាណ​ដ៏​ទំនើប ចំណែក​នៅ​លើ​ដំបូល​អគារ​នឹង​មាន​សួន​ច្បារ​អាកាស​សម្រាប់​សម្រាក​លម្ហែ​កាយ​ ផង​ដែរ»។
ខុនដូ ដឺភូមិ អេមើរ៉លដ៍ មាន​ទីតាំង​ស្ថិត​នៅ​ដីឡូត៍​លេខ ៧៣ ផ្លូវ​លេខ ៤៤៤ សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ អគារ​នេះ​សាង​សង់​លើ​ផ្ទៃដី​ទំហំ ៤៦៨ ម៉ែត្រ​ការ៉េ ដោយ​មាន​បន្ទប់​ស្នាក់​នៅ​សរុប​ចំនួន ៤៧ យូនីត (មាន​ទំហំ​ចាប់​ពី ៦០-១៦០ ម៉ែត្រ​ការ៉េ) និង​ត្រូវ​បាន​ចែក​ចេញ​ជា ៤ ប្រភេទ​គឺ ១ បន្ទប់​គេង Couple ១, Couple ២ និង​ប្រភេទ​គ្រួសារ។ ខុនដូ​នេះ​មាន​ចំណត​រថយន្ត​ចាប់​ពី​ជាន់​ទី ១-៤ ចំណែក​ជាន់ ទី១៥ គឺជា​កន្លែង​សម្រាប់​ហាត់​ប្រាណ។
ខុនដូ ដឺភូមិ អេមើរ៉លដ៍ គ្រោង​នឹង​បើក​ដំណើរ​ការ​ក្នុង ឆ្នាំ​២០១៧ ក្រោម​កិច្ច​សហការ​គាំទ្រ​ផ្នែក​សម្ភារ និង​បច្ចេក​ទេស​ពី​ក្រុម​ហ៊ុន ជីប ម៉ុង។
20141101_17b
គម្រោង​ ប្លង់​របស់​អាគារ ដឺភូមិ អេមើរ៉លដ៍។ រូបថត សហការី
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​អះអាង​ថា ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​មាន​ល្អ​ប្រសើរ​ជា​លំដាប់ ពិសេស​នៅ​រយៈ​ពេល ៥​ឆ្នាំ ខាង​មុខ​ទីផ្សារ​នេះ​នឹង​រឹត​តែ​ល្អ​បន្ថែម​ទៀត។
លោក​បាន​លើក​ ឡើង​ថា កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ខុនដូ និង​អាផាតមិន​មាន​ទីផ្សារ​ល្អ​នៅ​ពេល​នេះ​គឺ​បញ្ហា​នៃ​ការ​ធ្វើ​ដំណើរ។ ពី​មុន​ប្រជាជន​ខ្មែរ​មិន​ចូល​ចិត្ត​រស់​នៅ​អគារ​ សហ​កម្មសិទ្ធិ​ទេ ដូច្នេះ​ពួក​គេ​នាំ​គ្នា​ទៅ​ទិញ​លំនៅឋាន​នៅ​តំបន់​ជាយ​ក្រុង​ដែល​មាន​តម្លៃ​ ចាប់​ពី​ជាង ៣ ម៉ឺន​ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ទៅ​ស្នាក់​នៅ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ប៉ះពាល់​ ជាច្រើន​ពិសេស​ចរាចរណ៍។
លោក​អះអាង​ថា៖ «បញ្ហា​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ងាក​ពី​ការ​ទិញ​លំនៅឋាន​នៅ​ ជាយ​ក្រុង​មក​ទិញ​នៅ​ក្នុង​ក្រុង​វិញ។ ការ​មាន​ប្រាក់​ក្រោម ១០ ម៉ឺន​ដុល្លារ​គេ​ពិបាក​នឹង​រក​ទិញ​លំនៅឋាន​ល្អ​នៅ​កណ្តាល​ក្រុង​ណាស់ ដូច្នេះ​ដើម្បី​នៅ​ក្នុង​ក្រុង​ជិត​កន្លែង​ធ្វើ​ ការ ជិត​ផ្សារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម គេ​នឹង​ទិញ​ខុនដូ​ស្នាក់​នៅ»។
ប្រធាន​គ្រប់​ គ្រង​ទូទៅ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​ប្រាប់​ទៀត​ថា តំបន់​ទួលទំពូង សព្វ​ថ្ងៃ​ស្ទើរ​តែ​ក្លាយ​ជា​តំបន់​ដែល​មាន​អចលន​ទ្រព្យ​ល្អ​ប្រសើរ​លំដាប់ ទី២ បន្ទាប់​ពី​តំបន់ បឹង​កេងកង ទៅ​ហើយ ព្រោះ​បច្ចុប្បន្ន​មាន​ជន​បរទេស​ជាច្រើន​បាន​ស្នាក់នៅ​ទីនោះ។ ការ​សាង​សង់​ខុនដូ​នៅ​ទីនោះ​ងាយ​នឹង​ទទួល​ជោគ​ជ័យ​ ប្រសិន​បើ​មាន​បន្ទប់​តិច ​ជាង ១០០ យូនីត។
លោក ស៊ា ឆៃលីន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ស៊ីអិល រៀលធី បាន​និយាយ​ថា គម្រោង​សាង​សង់​ខុនដូ ដឺភូមិ អេមើរ៉លដ៍ ខាង​លើ​ស្ថិត​នៅ​ទីតាំង​ល្អ កណ្តាល​ក្រុង ជិត​ផ្សារ ដែល​ស័ក្តិសម​សម្រាប់​ការ​រស់​នៅ។ ប៉ុន្តែ​ទីតាំង​នោះ​អាច​មាន​គុណ​វិបត្តិ​ខ្លះ ដោយ​សារ​ជា​តំបន់​ទំនាប ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្តងៗ​តំបន់​នោះ​តែង​ត្រូវ​ទឹក​លិច។ បើ​ការ​កែលម្អ​ប្រព័ន្ធ​បង្ហូរ​ទឹក​រាល់​ថ្ងៃ​ ដំណើរ​ការ​ល្អ វា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ ព្រោះ​គម្រោង​នេះ​នឹង​ត្រូវ​បើក​ឲ្យ​ចូល​ស្នាក់​នៅ​ក្នុង ឆ្នាំ​២០១៧ ឯ​ណោះ។
លោក​បន្ត​ថា ទាំង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ និង​អតិថិជន​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​គុណភាព​សំណង់ ក៏​ដូច​ជា​បរិស្ថាន​នៅ​ជុំវិញ​ផង​ដែរ។
តែ​ទោះ​បី​ជា​យ៉ាង ​ណា លោក​អះអាង​ថា៖ «ការ​លក់​នៅ​ក្នុង​គម្រោង​ខុនដូ ដឺភូមិ អេមើរ៉លដ៍ នឹង​បាន​ទទួល​ជោគជ័យ​ពីព្រោះ​គម្រោង​ខាង​លើ​នេះ​មាន​ទីតាំង​ល្អ និង​មាន​បន្ទប់​ស្នាក់​នៅ​ត្រឹម​តែ​ចំនួន ៤៧ ប៉ុណ្ណោះ»។
ខុនដូ ​ខាង​លើ​គ្រោង​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នា​អំឡុង ​សប្តាហ៍ ទី៤ ក្នុង ខែ​វិច្ឆិកា នេះ​ដោយ​មាន​តម្លៃ​ចាប់​ពី ១០ ម៉ឺន​ដុល្លារ​ឡើង​ទៅ៕
Posted in ព័ត៌មាន.