តំបន់​អរិយក្សត្រ​ កំពុង​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​ក្រោយ​ពេល​សាលា​ ក្រុង​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្លង់​គោល ឆ្នាំ​២០២០

ការ​ប្រកាស​សាង​សង់​ស្ពាន​ទៅ​ តំបន់​អរិយក្សត្រ​កាល​ពី​ពេល​ថ្មីៗ​ នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​កើន​ឡើង​យ៉ាង​គំហុក ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​ការ​ ចាប់​អារម្មណ៍​បន្ថែម​ ទៀត​នោះ គឺ​កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​បញ្ចូល​តំបន់​អរិយក្សត្រ​ទៅ​ក្នុង​ ប្លង់​គោល​អភិវឌ្ឍន៍​ រាជធានី​ភ្នំពេញ សម្រាប់ ឆ្នាំ​២០២០ ខាង​មុខ។
ផ្អែក​តាម​គម្រោង​ដែល​សាលា​ រាជធានី​រំពឹង​ទុក​នោះ គឺ​គេ​នឹង​រៀបចំ​តំបន់​នេះ​ជា​តំបន់​សម្រាប់​អភិវឌ្ឍ​លំនៅឋាន តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ តំបន់​ពាណិជ្ជ​កម្ម ផ្សារ​ទំនើប និង​កន្លែង​សម្រាប់​ធ្វើ​ទេសចរណ៍​ជាដើម តាម​រយៈ​ការ​តភ្ជាប់​តំបន់​អរិយក្សត្រ ជា​ផ្នែក​មួយ​នៃ​រាជធានី​ភ្នំពេញ ព្រោះ​តំបន់​នេះ​នៅ​ជាប់​ដង​ទន្លេ​មេគង្គ ដែល​មាន​ទេសភាព​ដ៏​ល្អ​ប្រណីត​គួរ​ឱ្យ​ចង់​គយ​គន់ និង​រស់​នៅ​របស់​មនុស្ស​គ្រប់​ជាតិ​សាសន៍។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «ដើម្បី​រក្សា​អត្ត​សញ្ញាណ​រាជធានី​ភ្នំពេញ ជា​ទីក្រុង​ចតុមុខ ការ​លើក​កម្ពស់​តំបន់​ប្រវត្តិសាស្ត្រ និង​ការ​កំណត់​តំបន់​កសិកម្ម​ជាយ​ក្រុង សាលា​រាជធានី​ភ្នំពេញ បាន​ឯកភាព​លើ​សំណើ​របស់ ក្រសួង​មហាផ្ទៃ និង ក្រសួង​រៀបចំ​ផែនដី នគរូបនីយ​កម្ម និង​សំណង់ ក្នុង​ការ​ដាក់​បញ្ចូល​តំបន់​អរិយក្សត្រ​ទៅ​ក្នុង​ប្លង់​គោល​សម្រាប់​ រាជធានី​ភ្នំពេញ​នា ឆ្នាំ​២០២០»។
សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​ យោបល់​លើ​សេចក្តី​ព្រាង​ប្លង់​គោល ក្នុង​ការ​ប្រើ​ប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ ដែនដី នគរូបនីយ​កម្ម និង​សំណង់ ក្រោយ​ពី​មាន​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រវាង​មន្ត្រី​មក​ពី​ គណៈកម្មការ​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ថ្នាក់​ជាតិ​ជាមួយ​មន្ត្រី​ដែល​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី លោក ប៉ា សុជាតិវង្ស។
លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​តំបន់​អរិយក្សត្រ​ទៅ​ក្នុង​ប្លង់​មេ​របស់​រាជធានី​ភ្នំពេញ គឺជា​ការ​បង្ហាញ​នូវ​ប្លង់​គោល​ខ្នាត​ធំ​មួយ​សម្រាប់​ រាជធានី​ភ្នំពេញ​នា​ ពេល​អនាគត ឬ​អាច​និយាយ​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ក្រសួង​នឹង​ធ្វើ​ផែនការ​ស្តី​ពី​ការ​ប្រើ​ប្រាស់​ដី ​នៅ​តាម​បណ្តា​ខណ្ឌ និង​សង្កាត់​បន្ថែម​ទៀត​ដើម្បី​ឲ្យ​គម្រោង​អាច​អនុវត្ត​ទៅ​បាន​ប្រកប​ដោយ​ ប្រសិទ្ធ​ភាព​ខ្ពស់។
លោក​មាន​ប្រសាសន៍​ថា៖ «ការ​កំណត់​ប្លង់​គោល​នេះ គឺ​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ជួយ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ និង​កំណត់​ចក្ខុ​វិស័យ​អភិវឌ្ឍន៍ ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០៣៥»។
ក្រៅ​ពី​ត្រៀម​ដាក់​បញ្ចូល​តំបន់ ​អរិយក្សត្រ ទៅ​ក្នុង​ប្លង់​គោល​ទីក្រុង​សម្រាប់ ឆ្នាំ​២០២០ នោះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​មាន​គម្រោង​សាង​សង់​ស្ពាន​ចំនួន ២ បន្ថែម​ទៀត​ទៅ​តំបន់​នោះ​ដែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​ទីតាំង ទី១ ស្ថិត​នៅ​កំពង់​ចម្លង​ស្វាយជ្រំ (តំបន់​ជ្រោយ​ចង្វារ) និង​ទីតាំង ទី២ ស្ថិត​នៅ ភូមិ​ក្តី​តាកុយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ (ផ្លូវ​ជាតិ​លេខ ១)។
លោក អាន ពេញ មេប៉ុស្តិ៍ ឃុំ​អរិយក្សត្រ បាន​ប្រាប់​ថា ប្រជាជន​នៅ​តំបន់​នេះ​មាន​ក្តី​រំភើប​នៅ​ពេល​ដឹង​ថា រាជ​រដ្ឋាភិបាល​មាន​គម្រោង​សាង​សង់​ស្ពាន​មក​កាន់​តំបន់​អរិយក្សត្រ ពិសេស​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​កើន​ឡើង ​ប្រមាណ ៥០ ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មុន​រដ្ឋាភិបាល​ប្រកាស​សង់​ស្ពាន ខណៈ​បច្ចុប្បន្ន​ប្រជាជន​ត្រូវ​ឆ្លង​ទូក ឬ​សាឡង់ ព្រម​ទាំង​ជួប​ប្រទះ​ការ​កក​ស្ទះ​ទូក ឬ​សាឡង់​ទៀត​ផង។
លោក​បាន​ថ្លែង​ថា៖ «ប្រជាជន​នៅ​មូលដ្ឋាន​ពិត​ជា​សប្បាយ​រីករាយ​ណាស់ នៅ​ពេល​ដឹង​ថា រដ្ឋាភិបាល​គ្រោង​សាង​សង់​ស្ពាន​មក​កាន់​តំបន់​នេះ»។
លោក ជា ថុល អធិការ ស្រុក​ល្វាឯម ដែល​ជា​ស្រុក​មាន​ឃុំ​ចំនួន ១៥ រួម​បញ្ចូល​ទាំង ឃុំ​អរិយក្សត្រ ផង​ដែរ​នោះ បាន​និយាយ​ថា ប្រជាជន​អបអរ​សាទរ​បើ​រាជ​រដ្ឋាភិបាល​សាង​សង់​ស្ពាន​មក​កាន់​តំបន់​នេះ ខណៈ​លោក​គ្រាន់​តែ​ឮ​ព័ត៌មាន​នេះ​តាម​គ្នា​តែ​ប៉ុណ្ណោះ ដោយ​លោក​មិន​ទាន់​មាន​ឯកសារ​ជាក់​លាក់​នោះ​ទេ។
លោក​បន្ត​ថា ទន្ទឹម​នឹង​ព័ត៌មាន​ពី​ការ​សាងសង់​ស្ពាន​មក​កាន់​តំបន់​អរិយក្សត្រ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ឡើង​ថ្លៃ​ ច្រើន ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ចលនា​ទិញ លក់ ដី​ហាក់​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្តិច ដោយ​សារ​មាន​ក្រុម​ឈ្មួញ​កណ្តាល​ចូល​មក​ក្រឡុក​ទីផ្សារ ហើយ​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើង​ថ្លៃ​ហួស​ពី​តម្លៃ​ជាក់​ ស្តែង​ដែល​ប្រជា​ពលរដ្ឋ​ ចង់​លក់ ឬ​ពួក​គាត់​អាច​លក់​បាន​ពិត​ប្រាកដ។
ឃុំ​អរិយក្សត្រ មាន​ភូមិ​ចំនួន ៤ និង​មាន​ប្រជាជន​ចំនួន ២៣៣៨ គ្រួសារ ប្រជាជន​សរុប​ចំនួន ១០ ០៧៥ នាក់។
ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល លោក ចេង ខេង បាន​ប្រាប់​ថា អចលន​ទ្រព្យ​នៅ​តំបន់​អរិយក្សត្រ​ចាប់​ផ្តើម​មាន​ចលនា​ទិញ លក់ ច្រើន ព្រោះ​ពេល​នេះ​មាន​អ្នក​ទៅ​ទិញ​ដី​ទុក​នៅ​តំបន់​នោះ​រាល់​ថ្ងៃ ដោយ​សារ​តំបន់​នេះ​ជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ ខ្យល់​អាកាស​បរិសុទ្ធ មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​រស់​នៅ ពិសេស​ជា​តំបន់​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ទៀត​ផង។
លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ក្រុង​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​តំបន់​នេះ​គឺ​មាន​ភាព​ងាយ​ ស្រួល ព្រោះ​វា​ជា​តំបន់​ថ្មី​ដែល​មាន​ដី​ធំ​ទូលាយ​ងាយ​ស្រួល​រៀបចំ​ហេដ្ឋា​រចនា​ សម្ព័ន្ធ​នានា»។
លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុម​ហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​និយាយ​ថា ការ​ពង្រីក​ទីក្រុង ឬ​ការ​បញ្ចូល​តំបន់​អរិយក្សត្រ​ទៅ​ក្នុង​ប្លង់​គោល​ អភិវឌ្ឍន៍​រាជធានី​ ភ្នំពេញ គឺ​ពិត​ជា​ជួយ​បាន​ច្រើន​ណាស់ ដូច​ជា ទី១ ការ​បង្វែរ​គោល​ដៅ​ពង្រីក​ទីក្រុង​ឆ្ពោះ​ទៅ​មាត់​ទន្លេ មាន​ទិដ្ឋភាព​ទន្លេ និង​មាន​ទឹក​ពិត​ជា​មាន​សក្តានុពល​ណាស់​សម្រាប់​ដំណើរ​អភិវឌ្ឍន៍​ទីក្រុង។
លោក​បាន​បន្ត​ថា បើ​រដ្ឋាភិបាល​សង់​ស្ពាន​ទៅ​កាន់​តំបន់​នោះ​នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព ​ទាក់​ទាញ ពិសេស​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ឲ្យ​ចូល​ទៅ​វិនិយោគ​កសាង​អគារ​កប់​ពពក​ នៅ​តាម​មាត់​ទន្លេ​ក្នុង​តំបន់​នេះ។ ទី២ ការ​ពង្រីក​ទីក្រុង​ទៅ​តំបន់​នេះ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​រំដោះ​ចរាចរណ៍​ ក្នុង​ទីក្រុង​ដែល​មាន​ភាព​កក​ស្ទះ​រាល់​ថ្ងៃ​ឲ្យ​មាន​ ភាព​ធូរ​ស្បើយ​មួយ​ កម្រិត និង ទី៣ វា​ជួយ​ធ្វើ​ឲ្យ​អត្រា​តម្លៃ​ទីផ្សារ​អចលន​ទ្រព្យ​មិន​ឡើង​ខ្ពស់​ពេក​នៅ​ ទីក្រុង ព្រោះ​ពេល​ណា​មាន​ទីក្រុង​ថ្មី​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ប្រសើរ ប្រជាជន​នឹង​ទៅ​រស់​នៅ​តំបន់​នោះ និង​មិន​ធ្វើ​ឲ្យ​មាន​អតិផរណា​តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​ទីក្រុង​ក៏​ដូច​ ជា​មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​រស់​នៅ​តែ​មួយ​ កន្លែង។
លោក ប៊ុណ្ណា បាន​បញ្ជាក់​ថា៖ «បើ​រាជ​រដ្ឋាភិបាល​សង់​ស្ពាន​ទៅ​កាន់​តំបន់​នោះ ហើយ​នៅ​បន្ត​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​វា​នឹង​ធ្វើ​ ឲ្យ​មាន​ជំងឺ​ចាស់​ដដែល ហេតុ​នេះ​រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​នោះ ​សម្រាប់​រយៈ​ពេល​ពី ៥០ ឆ្នាំ​ទៅ ១០០ ឆ្នាំ​ខាង​មុខ​ឲ្យ​ហើយ​ជា​ការ​ល្អ»៕
Posted in ព័ត៌មាន.