នាយក​រដ្ឋ​មន្ត្រី​ស្នើ​ឲ្យ​​និត្យ​តម្លៃ​ អគ្គិសនី​ពេល​យប់

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព ​នៃ​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម​នៅ ​ពេល​យប់ និង​អតិថិជន​ទិញ​ក្នុង​ទំហំ​ធំ​ដើម្បី​រក្សា​ភាព​ទាក់​ទាញ​វិនិយោគ​របស់​ ប្រទេស​កម្ពុជា។
លោក ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ក្នុង​សុន្ទរកថា​បើក​សន្និសីទ​វិនិយោគ​អន្តរជាតិ​ដែល​ រៀបចំ​ដោយ​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា​នៅ ទីក្រុង​ភ្នំពេញ កាល​ពី​ម្សិល​មិញ។  
បើ​ទោះ​បី​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ថ្លៃ​ជាង​ ប្រទេស​ជិត​ខាង​ហើយ​ការ​ ផ្គត់​ផ្គង់​នៅ​មិន​ទាន់​មាន​និរន្តរភាព​ក៏​ដោយ លោក ហ៊ុន សែន ថ្លែង​ថា ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា នៅ ឆ្នាំ​២០១៤ នេះ​បាន​ដើរ​មក​ដល់​ចំណុច​របត់​មួយ ខណៈ​គម្រោង​អភិវឌ្ឍន៍​អគ្គិសនី​មាន​ដូច​ជា វារី​អគ្គិសនី និង​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ ការ។ ជា​លទ្ធផល​ធ្វើ​ឲ្យ​រដូវ​វស្សា​នៅ​ឆ្នាំ​នេះ កម្ពុជា​សល់​ប្រភព​ថាមពល ២៤៦ មេហ្គាវ៉ាត់​ដែល​មិន​បាន​ប្រើ​ប្រាស់​ដោយ​សារ​ខ្វះ​បណ្តាញ​ចែក​ចាយ។
លោក​នាយក​រដ្ឋ​មន្រ្តី​បន្ត​ថា៖ «ទន្ទឹម​នឹង​នេះ ចាប់​តាំង​ពី​ឆ្នាំ​នេះ​ទៅ អត្រា​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា នឹង​មិន​កើន​ឡើង​ទេ តែ​នឹង​ថយ​ចុះ​បន្តិចៗ​តាម​ឆ្នាំ​រហូត​ដល់ ឆ្នាំ​២០១៨»។
លោក​បន្ត​ថា៖ «ដើម្បី​បំពេញ​តម្រូវ​ការ​អគ្គិសនី​សម្រាប់​ការ​ពង្រីក​បន្ថែម​ក្នុង​វិស័យ​ ឧស្សាហ​កម្ម និង​ធានា​បាន​នូវ​ភាព​ទាក់​ទាញ​ការ​វិនិយោគ​មក​កម្ពុជា ខ្ញុំ​សូម​ណែនាំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​គ្នា​សិក្សា​ពិនិត្យ និង​ពិចារណា​លើ​ការ​កំណត់​ថ្លៃ​អគ្គិសនី​ឡើង​វិញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ដែល​អាច​មាន​អត្រា​តម្លៃ​ខ្ពស់​នៅ​ពេល​យប់​និង​ថ្លៃ​ សម្រាប់​អតិថិជន​ទិញ​ ក្នុង​ទំហំ​ធំៗ និង​ក្នុង​តំបន់​អាទិភាព​ជាដើម»។
លោក តេង សុខុមាល ប្រធាន​នាយកដ្ឋាន​បញ្ជី​ថ្លៃ​លក់ និង​ត្រួត​ពិនិត្យ​គណនេយ្យ​សេវាកម្ម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ការ​ប្រកាស​ពី​តារាង​តម្លៃ​ថ្មី​សម្រាប់​ឧស្សាហ​កម្ម ពាណិជ្ជ​កម្ម និង​កសិកម្ម ត្រូវ​បាន​ប្រកាស​រួច​ហើយ​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាល​ពី​ចុង​ខែ​ សីហា។
លោក​បន្ត​ថា នេះ​ជា​ជំហាន​ដំបូង​ហើយ​ថា ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​បន្ត​ពិភាក្សា​បន្ថែម​ទៀត​អំពី​ការ​ផ្តល់​តម្លៃ​ កាន់​តែ​ទាប​ដល់​វិស័យ​ឧស្សាហ​កម្ម​តាម​ដែល​អាច​ធ្វើ​ទៅ​ បាន​នា​ពេល​អនាគត។
លោក​បន្ត​ថា៖ «តារាង​តម្លៃ​ថ្មី​នេះ​នឹង​ជំរុញ​ដល់​ឧស្សាហ​កម្ម​ដែល​ប្រើ​ប្រាស់​អគ្គិសនី ​នៅ​ពេល​យប់​ដើម្បី​កាត់​បន្ថយ​កង្វះ​ថាមពល​អគ្គិសនី នៅ​ពេល​ថ្ងៃ​តម្រូវការ​អគ្គិសនី​កើន​ខ្ពស់​លើស​ពី​ថាមពល​ដែល​អាច​ផ្គត់​ ផ្គង់​បាន។ តម្លៃ​នេះ​គឺ​សម្រាប់​ក្រុម​ហ៊ុន រោងចក្រ ឧស្សាហ​កម្ម ដែល​គិត​ថា ពួក​គេ​អាច​ចំណេញ​ពី​តារាង​តម្លៃ​ថ្មី​នេះ​តាម​រយៈ​ការ​ប្រតិបត្តិការ​នៅ​ ពេល​យប់។ ជាមួយ​គ្នា​នេះ​ដែរ​វា​កាត់​បន្ថយ​ការ​បាត់​បង់​ថាមពល​អគ្គិសនី​ដែល​យើង​ ផលិត​បាន​និង​ទិញ​រួច​ហើយ​ពី​ការ​មិន​ប្រើ​ប្រាស់​នៅ​ពេល​ យប់»។
លោក​បញ្ជាក់​ថា តម្លៃ​ថ្មី​នេះ​មាន​អត្រា​ខុស​គ្នា​ផ្អែក​ទៅ​តាម​ពេល​វេលា​នៃ​ការ​ប្រើ​ ប្រាស់។
កាល​ពី​សប្តាហ៍​មុន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ក្នុង​សភា​ដោយ​ស្នើ​ឲ្យ​មាន​ការ​ បញ្ចុះ​តម្លៃ​អគ្គិសនី​ផង​ដែរ​ដើម្បី​ភាព​ប្រកួត​ប្រជែង។
លោក ខេន លូ អគ្គ​លេខាធិការ GMAC ថ្លែង​ថា លោក​បាន​មើល​ឃើញ​តារាង​តម្លៃ​ថ្មី​បាន​ប្រកាស​ដោយ EDC ហើយ​បាន​និយាយ​ថា វា​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​រោងចក្រ​ផលិត​ជា​ច្រើន។
លោក​បន្ត​ថា៖ «វា​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ពាក់​ព័ន្ធ។ វា​ផ្តល់​ភាព​បត់​បែន​ច្រើន​ដល់​រោងចក្រ​បច្ចុប្បន្ន ពេល​ដែល​មាន​ការ​ដាក់​ចេញ​តារាង​តម្លៃ​ថ្មី ដែល​តម្លៃ​នៅ​ពេល​យប់​គឺទាប​ជាង​តារាង​តម្លៃ​ពេល​ថ្ងៃ ដូច្នេះ​វា​អាច​ជា​កត្តា​ជំរុញ​ឲ្យ​រោងចក្រ​ពិចារណា​អំពី​ការ​បើក​ដំណើរ​ការ ​វេន​ការងារ​ទី​ពីរ​ឬ​នៅ​ពេល​យប់»។
លោក Hiroshi SUZUKI ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជ​កម្ម​កម្ពុជា បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​នាយក ​រដ្ឋ​មន្ដ្រី។ លោក​ថ្លែង​ថា៖ «អគ្គិសនី​មាន​តម្លៃ​ខ្ពស់​គឺជា​ឧបសគ្គ​ចម្បង​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ធំៗ​ សម្រាប់​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​ បរទេស»។
តួលេខ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​បង្ហាញ​ ថា បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ថាមពល​ប្រើ​ប្រាស់​ប្រេង​ម៉ាស៊ូត​ ចំនួន ៨ រោងចក្រ​ដើរ​ដោយ​ធ្យូង​ថ្ម ៣ និង​វារី​អគ្គិសនី​ចំនួន ៥ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន​ប្រមាណ ៨៧០ មេហ្គាវ៉ាត់​នៅ​ក្នុង​រដូវ​វស្សា​ចាប់​ពី ខែ​មិថុនា រហូត​ដល់ ខែ​តុលា។ ក្នុង ឆ្នាំ​២០១៣ កម្ពុជា​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិត​ខាង ២ ៣០០ គីឡូវ៉ាត់​ម៉ោង ផលិត​បាន ២០៥០ គីឡូវ៉ាត់ ហើយ​តម្រូវ​ការ​ប្រចាំ​ឆ្នាំ​មាន ៦០០ មេហ្គាវ៉ាត់៕

 

Posted in ព័ត៌មាន.