ការ​លក់​ផ្ទះ​ កើនឡើង​ក្នុង​ខែ​កក្កដា

សមាគម​ជាតិ​អ្នក ​ប្រកប​មុខរបរ​ក្នុង​វិស័យ​អចលនទ្រព្យ​អាមេរិក (NAR ) បាន​ឲ្យ​ដឹង​ថា ការ​លក់​ផ្ទះ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាងច្រើន កាលពី​ខែ​កក្កដា​កន្លងមក​។
ការ​លក់​ផ្ទះ​ នៅក្នុង​សហរដ្ឋអាមេរិក​បាន​កើនឡើង​២,៤​ភាគរយ ដែល​ជា​អត្រា​ខ្ពស់​បំផុត​ចាប់​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៣​មក នេះ​បើ​យោង​តាម(NAR)។ 
ការ​លក់​ផ្ទះ​ ក្នុង​ខែ​កក្កដា គឺជា​ការ​កើន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​នេះ តែ​ទោះបី​ជា​យ៉ាង​ណា​ចំនួន​នេះ​គឺ​នៅ​ទាប​ជាង​កាលពី​ខែ​សីហា​ឆ្នាំ​២០១៣ ដែល​នៅពេល​នោះ​បាន​កើនឡើង​ចំនួន​៤,៣​ភាគរយ។
លោក Lawrence Yun ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ (NAR ) បាន​និយាយ​ថា សកម្មភាព​ទិញ លក់​លំនៅឋាន​កំពុង​មាន​ភាព​ផុសផុល​ខ្លាំង ខណៈ​ទីផ្សារ​ការងារ និង​លំនៅឋាន​កំពុង​មាន​កំណើន​ខ្ពស់​។
លោក​បាន​និយាយ​ ថា ចំនួន​ផ្ទះ​សម្រាប់​លក់​បាន​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន ខណៈ​ការ​កើនឡើង​នៃ​តម្លៃ​ហាក់​មាន​ស្ថិរភាព​ល្អ ជា​ហេតុ​ធ្វើឲ្យ​អ្នក​ទិញ​ដើម្បី​ស្វែងរក​ ផលចំណេញ​មិន​ស្ទាក់ស្ទើរ​ក្នុង​ ការ​ចូល​មក​ប្រឡូក​ក្នុង​ទីផ្សារ​នេះ​ឡើយ​។ លោក​បាន​អះអាង​ថា​៖​«មាន​មនុស្ស​ជាច្រើន​កំពុង​ទិញ​ផ្ទះ បើ​ប្រៀបធៀប​ទៅ​នឹង​ដើម​ឆ្នាំ ហើយ​និន្នាការ​នេះ​គួរ​តែ​បន្ត​ជាមួយ​អត្រា​ការប្រាក់​ទាប​ផង​ដែរ​»។
កាលពី​ខែ​កក្កដា ផ្ទះ​មាន​តម្លៃ​ជា​មធ្យម ២២២​៩០០ ដុល្លារ ដោយ​តម្លៃ​នេះ​គឺ​បាន​កើនឡើង​៤,៩​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ​មុន៕ SM

 

Posted in ព័ត៌មាន.