ទុនវិនិយោគ​ វិស័យ​សំណង់​បាន​កើនឡើង​ជាង​ទ្វេដង

ទុនវិនិយោគ​ វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០១៤ នេះ​មាន​តម្លៃ​ប្រមាណ​១៥៣៧​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។
លោក ហ៊ុយ ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​កាលពី​ចុងសប្តាហ៍​កន្លងមក​ថា វិស័យ​សំណង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ ក្នុង​ការ​ជំរុញ​កំណើន​ សេដ្ឋកិច្ច​ជាតិ ជាក់ស្តែង​ទុនវិនិយោគ​លើ​វិស័យ​សំណង់​នា​រយៈពេល​៥​ខែ​ដើម ​ឆ្នាំ​២០១៤ នេះ​បាន​កើនឡើង​ចំនួន ​២១០​ ភាគរយ​។ 
លោក​បាន​រំឭក​ថា វិស័យ​សំណង់​នៅ​កម្ពុជា​ចាប់ផ្តើម​រីកចម្រើន​ ដំបូង​ក្នុង​ ឆ្នាំ​២០០៤ នឹង​បាន​បន្ត​រហូត​ដល់​ ឆ្នាំ​២០០៧ ដោយ​នៅពេល​នោះ​ទុនវិនិយោគ​វិស័យ​សំណង់​បាន​កើនឡើង​ចំនួន​ ៤​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៤។ តែ​ទោះបី​ជា​យ៉ាង​ណា​មហា​វិបត្តិ​សេដ្ឋកិច្ច​សកល​នា​ពាក់កណ្តាល​ឆ្នាំ​២០០៨ បាន​ធ្វើឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​ដាំក្បាល​ ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​វា​បាន​អូសបន្លាយ​រហូត​ដល់​ដើម ​ឆ្នាំ​២០១១​ ទើប​អ្វីៗ​ចាប់ផ្តើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ​។
ទិន្នន័យ​របស់​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៤ នេះ ក្រសួង​បាន​ចេញ​ច្បាប់​អនុញ្ញាត​ចំនួន​៧២៨​គម្រោង ដែល​មាន​តម្លៃ​ប្រហែល ​១៥៣៧ ​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រហែល​ ២១០​ ភាគរយ បើ​ប្រៀប​ធៀប​​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣​កន្លងមក​។ កាលពី​ឆ្នាំ​២០១៣ ទុនវិនិយោគ​វិស័យ​សំណង់​មាន​ទឹកប្រាក់​ប្រហែល ​២៧៧៣ ​លាន​ដុល្លារ​អាមេរិក​។
នៅក្នុង​ឆ្នាំ​ ២០១៤ នេះ​គេ​សង្កេត​ឃើញ​មាន​គម្រោង​ធំៗ​ជាច្រើន​បាន​ចាប់ផ្តើម​ដំណើរការ​ដូចជា គម្រោង​សាងសង់​ខុនដូ អគារ​ការិយាល័យ អគារពាណិជ្ជកម្ម The Bridge, Casa Meridian, Diamond One, Hong Kong Land និង​គម្រោង​សាងសង់​លំនៅឋាន បុរី សណ្ឋគារ ផ្ទះសំណាក់ ឃ្លាំង រោងចក្រ ម៉ាស៊ីន​កិនស្រូវ មជ្ឈមណ្ឌល​កម្សាន្ត និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​៕

 

Posted in ព័ត៌មាន.