ភ្នំពេញៈ គណៈប្រតិភូពាណិជ្ជកម្មប្រមាណ១០០នាក់តំណាងឲ្យ ក្រុមហ៊ុនយ៉ាងហោច៥២ ក្រុមហ៊ុនរបស់ចិនកំពុងស្វែងរកឱកាសវិនិយោគក្នុងប៉ូល សេដ្ឋកិច្ច សំខាន់ៗបីរបស់កម្ពុជា។
ការ ស្វែងរកឱកាសនេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន និងក្រុមពាណិជ្ជករចិនកាលពីថ្ងៃព្រហស្បតិ៍។
លោក អ៊ាង សុផល្លែតជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបកាលពីថ្ងៃម្សិលមិញថា៖ «គណៈប្រភូនៃក្រុមហ៊ុនចំនួន៥២មកប្រទេសកម្ពុជាដើម្បី ស្វែងរក លទ្ធភាពវិនិយោគក្នុងប្រទេសកម្ពុជាជាពិសេសក្នុងទី ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប»។
លោក បន្តថា៖ «នៅថ្ងៃនេះគណៈប្រតិភូទាំងនោះគឺស្ថិតក្នុងដំណាក់កាលសិក្សា ស្រាវជ្រាវអំពីលទ្ធភាពក្នុងទីក្រុងភ្នំពេញ។ ថ្ងៃស្អែកគណៈប្រតិភូទាំងនោះនឹងធ្វើដំណើរឆ្ពោះទៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុនិងបន្តដំណើរទៅខេត្តសៀមរាប ក្នុងថ្ងៃដដែល»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់គណៈប្រតិភូថាទំនាក់ទំនងរវាងកម្ពុជានិងចិនត្រូវបាន កសាងឡើងក្នុងរយៈពេលជាយូរមកហើយ ហើយជាបណ្ដើរៗវាបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ប្រភេទ។ នេះបើតាមលោក អ៊ាង សុផល្លែត។
លោក បន្តថាចិនបានជួយកម្ពុជាស្ទើរតែគ្រប់វិស័យទាំងអស់ រួមមាន ការកសាងផ្លូវថ្នល់មួយដែលជាផ្លូវវែងជាងគេក្នុង ប្រទេសកម្ពុជា ប្រព័ន្ធធារាសាស្រ្ត ការវិនិយោគក្នុងការកសាងទំនប់វារីអគ្គិសនីដើម្បីបង្កើតអគ្គិសនី និងការវិនិយោគក្នុងការកសាងរោងចក្រអគ្គិសនីដើរដោយ ធ្យូងថ្ម ក្នុងខេត្តព្រះសីហនុហើយចិនក៏បានជួយផ្ដល់អាហារូករណ៍ផងដែរ។ លោកបន្តថា៖ «ចិនបានជួយកម្ពុជាមិនគ្រាន់តែក្នុងការអភិវឌ្ឍសង្គមប៉ុណ្ណោះទេ ថែមទាំងក្នុងការពង្រឹងឯករាជ្យភាពរបស់ខ្លួនទៀតផង។ ដៃគូយុទ្ធសាស្រ្តគឺមិនគ្រប់គ្រាន់ទេប៉ុន្តែយើងត្រូវការ វិនិយោគិនដើម្បីចូលរួម»។
កាលពីមុនអ្នកដឹកនាំប្រទេសទាំង ពីរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងប្រធានាធិបតី ហូ ជីនតាវសន្យាពង្រឹងពាណិជ្ជកម្មទ្វេភាគី ឲ្យដល់៥ពាន់លានដុល្លារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថាជើងហោះហើរត្រង់ពីចិនមកកម្ពុជាត្រូវបានកែលម្អប៉ុន្តែ វាពិតជាមិនទាន់បានឆ្លើយតបទៅនឹងកំណើនអ្នកទេសចរជន ជាតិចិននៅ ឡើយទេដូច្នេះទេសចរណ៍គឺជាវិស័យមួយដែលមានសក្ដានុពលពី ព្រោះប្រជាជន ចិនមានចំនួន ១ ៣០០ លាននាក់។
កាលពីខែមករាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថាទេសចរជនជាតិចិនមកទស្សនា កម្ពុជានឹងកើនឡើងដល់២លាននាក់ត្រឹមឆ្នាំ២០២០។
ទិន្នន័យ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា រដ្ឋាភិបាល បានអុម័តគម្រោងវិនិយោគ៩,០៥ពាន់លានដុល្លារពីប្រទេស ចិន ចាប់ពីឆ្នាំ១៩៩៤រហូតចុងខែកក្កដា ឆ្នាំ២០១២។ការវិនិយោគភាគច្រើនក្នុងឧស្សាហកម្មកាត់ដេររ៉ែវិស័យ កសិកម្ម និង រោងម៉ាស៊ីនកិនស្រូវ៕