គម្រោង​អភិវឌ្ឍន៍ កោះ​ពស់ អាច​បង្កើន​ថវិកា​វិនិយោគ​ដល់ ១០០០ លាន​ដុល្លារ

ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍ កោះ​ពស់ ដែល​បាន​ទទួល​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បង្កើន​ទុន​វិនិយោគ​របស់​ខ្លួន​ពី​ចំនួន​ជាង ២០០ លាន​ដុល្លារ​អាមេរិក​ដល់ ១០០០ លាន​ដុល្លារ​ដើម្បី​បញ្ចប់​គម្រោង​របស់​ខ្លួន​បាន​តាម​ផែនការ។

លោក ឃៀម កុលនាថ ប្រធាន​ផ្នែក​ទំនាក់​ទំនង​ទូទៅ​នៃ​ក្រុមហ៊ុន កោះ​ពស់ អ៊ីនវេសម៉េន គ្រុប បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ នា​ពេល​ថ្មីៗ​នេះ​ថា គម្រោង​អភិវឌ្ឍន៍​វីឡា អគារ​ការិយាល័យ និង​សណ្ឋាគារ នៅ​លើ​កោះ​នេះកំ​ពុង​ត្រូវ​គេ​ធ្វើ​ការ​កែ​លម្អ​ប្លង់​មេ​សា​ជា​ថ្មី ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​វីឡា​នា​ពេល​កន្លង​មក​មិន​សូវ​ទទួល​បាន​ជោគជ័យ​ទេ ពីព្រោះ​វីឡា​នីមួយៗ​មាន​ទំហំ​ធំ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ឡើង​ដល់​ជិត ១ លាន​ដុល្លារ។

 លោក​បាន​អះអាង​ថា៖ «បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​ប្លង់​មេ​ឡើង​វិញ​មុន​នឹង​ដាក់​ ពាក្យ​ស្មើ​សុំ​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សា​ជា​ ថ្មី​។ តាម​គម្រោង​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ឡើង​វិញ​នេះ​នឹង​អាច​ធ្វើ​នៅ​ដើម ឆ្នាំ ២០១៤ ខាង​មុខ ហើយ​បើ​តាម​គម្រោង​ប្លង់​អភិវឌ្ឍន៍​ថ្មី​នេះ​អាច​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ វិនិយោគ​កើន​ឡើង​ដល់​ចំនួន ១០០០ លាន​ដុល្លារ​អាមេរិក»។

 គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​ ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើក​ដំបូង​កាល​ពី​ឆ្នាំ ២០០៦ ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ២៧៦ លាន​ដុល្លារ​អាមេរិក។ តាម​គម្រោង​ក្រុមហ៊ុន កោះ​ពស់ អ៊ីនវេសម៉េន គ្រុប គ្រោង​អភិវឌ្ឍន៍​កោះ​ដែល​មាន​ទំហំ​ដី ១១៦ ហិកតា​នេះ​ទៅ​ជា​កន្លែង​ស្នាក់នៅ​លំដាប់​ខ្ពស់ និង​ជា​រមណីយដ្ឋាន​ដ៏​ទាក់​ទាញ​មួយ​នៅ​ប្រទេស​កម្ពុជា។

 លោក ឃៀម កុលនាថ បាន​បន្ត​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​អស់​ជិត ១០០ លាន​ដុល្លារ​រួច​ហើយ​ដើម្បី​អភិវឌ្ឍ​កោះ​មួយ​នេះ​តាម​រយៈ​ការ​ចំណាយ​ទៅ​លើ​ ការ​សាង​សង់​ស្ពាន​ឆ្លង​កាត់​សមុទ្រ​ពី​ឆ្នេរ​ខេត្ត ព្រះសីហនុ ទៅ​កាន់ កោះ​ពស់ ដែល​មាន​ប្រវែង ជិត ១០០០ ម៉ែត្រ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​លើ​កោះ​និង​គម្រោង​ចាក់​ផ្លូវ​កៅស៊ូ​ ប្រវែង​ជាង ៥ គីឡូម៉ែត្រ​ព័ទ្ធ​ជុំវិញ​កោះ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ការ​ចាក់​កៅស៊ូ​មិន​ ទាន់​បាន​ចាប់​ផ្តើម​ទេ ដោយ​សារ​ប្លង់​មេ​បាន​និង​កំពុង​កែ​លម្អ​ជា​ថ្មី​។ លោក​បន្ត​ថា ទោះ​បី​យ៉ាង​ណា​លោក​មិន​ទាន់​ដឹង​អំពី​ប្លង់​មេ​ដែល​ត្រូវ​កែ​លម្អ​ឡើង​វិញ នោះ​មាន​គម្រោង​អភិវឌ្ឍន៍​បែប​ណា​ជាក់​លាក់​នៅ​ឡើយ​ទេ។

 ក្រុមហ៊ុន​អភិវឌ្ឍន៍ កោះ​ពស់ ជា​កម្មសិទ្ធិ​របស់​វិនិយោគិន ដែល​ជា​មហា​សេដ្ឋី​មក​ពី​ប្រទេស រុស្ស៊ី។

 លោក នួន រិទ្ធី នាយក​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​ប្រាប់​ថា មក​ដល់​ពេល​នេះ​សកម្មភាព​អភិវឌ្ឍន៍​ថ្មីៗ​នៅ កោះ​ពស់ ហាក់​មិន​ទាន់​មាន​នៅ​ឡើយ​ទេ រីឯ​ការ​ចុះ​កិច្ច​សន្យា​ជួយ​លក់​លំនៅឋាន​រវាង​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ជាមួយ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ កោះ​ពស់ អ៊ីនវេសម៉េន គ្រុប​ក៏​បាន​ផុត​កុងត្រា​ហើយ​ដែរ​។ លោក​បន្ត​ថា ភាព​ជោគជ័យ​របស់​គម្រោង​នេះ​អាស្រ័យ​លើ​កត្តា​បួន​គឺ ទី១ ត្រូវ​សិក្សា​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម្រោង ទី២ ទីតាំង​អភិវឌ្ឍន៍​គម្រោង ទី៣ ច្បាប់ និង ទី៤ តើ​ក្រុមហ៊ុន​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍន៍​គម្រោង​កម្រិត​ណា។

 លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​រដ្ឋ និង​ឯកជន​វិស័យ​ទេសចរណ៍​បាន​ប្រាប់​ថា តាម​លោក​ដឹង​គឺ​មាន​កោះ​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សម្បទាន​ដល់​ ក្រុមហ៊ុន​ឯកជន​នានា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​កោះ​ពីរ ឬ​បី​ប៉ុណ្ណោះ បាន​ធ្វើ​ការ​អភិវឌ្ឍ​តាម​គម្រោង​របស់​ខ្លួន។

 លោក​បាន សំណូមពរ​ថា សូម​ក្រុមហ៊ុន​ដែល​បាន​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​មេត្តា​ធ្វើ​ការ​ អភិវឌ្ឍ​កោះ​ទាំង​នោះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដោយ​ការ​អភិវឌ្ឍ​នោះ​អាច​រក្សា​បាន​ធនធាន​នៅ​ទីនោះ​បង្កើត​ការងារ និង​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ។

ទោះ​បី​យ៉ាង​ណា​លោក​ថ្លែង​ថា៖ «យើង​ជា​វិស័យ​ឯកជន​សំណូមពរ​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ព័ទ្ធ​យក​កោះ​ទៅ​ ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​មិន​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​បាន ហើយ​រាជ​រដ្ឋាភិបាល​ក៏​គួរ​តែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ពន្លឿន​គម្រោង​ អភិវឌ្ឍន៍​របស់​ខ្លួន​ផង​ដែរ»៕

Posted in ព័ត៌មាន.